បុរសម្នាក់ ​កាប់​ជំនួយ​ការ​ឧកញ៉ា​ អ៊ឹង​ ប៊ុន​ហ៊ូវ​ របួស​ធ្ងន់​ ត្រូវ​តុលាការ​​​ ចោទប្រកាន់​បទ​ប៉ុនប៉ង​ឃាតកម្ម​

143

ភ្នំពេញ​៖​យុវជនម្នាក់​ជាអ្នកបម្រើការងារនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្នែកបុគ្គលិកទទួលភ្ញៀវចុះលើយន្តហោះរបស់ក្រុមហ៊ុនឯកជនមួយ​ដែល​បានទាញកាំបិតកាប់ជំនួយការផ្ទាល់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវបណ្តាលឲ្យរងរបួសធ្ងន់ ក្នុងខណៈជនរងគ្រោះកំពុងដើរ​ក្នុងអាកាសយានដ្ឋាន​នោះ​ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។​ តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ ជនសង្ស័យ​ត្រូវ​បាន​លោក​ វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ពី​បទ​”ប៉ុនប៉ង​ឃាតកម្ម​”តាម​មាត្រា​២៧និង​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ។បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​ ។ប្រភព​ព័ត៌មាន​ បន្តថា​ ការចោទប្រកាន់នេះគឺយោងលើភស្តុតាងដែលបង្ហាញថាយុវជនរូបនេះមានស្មារតីគ្រប់គ្រាន់មិនមែនជាមនុស្សឡប់សតិហើយ​ក៏​ពុំមានប្រើប្រាស់គ្រឿងញៀនទេ។ដូច្នេះអាចមានអ្នកបញ្ជាពីក្រោយឲ្យធ្វើសកម្មភាពនេះ។សមត្ថកិច្ច​ បញ្ជាក់​ថា​ យុវជនរូបនេះឈ្មោះ កែវ ភារម្យ អាយុ២៥ឆ្នាំ មុខរបរអ្នកទទួលភ្ញៀវចុះពីលើយន្តហោះ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ18UH ផ្លូវK4A ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានកម្លាំងសន្តិសុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាប់ខ្លួនប្រគល់ឲ្យនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីកាលពីវេលាម៉ោង៨៖៣០ព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ។ បុរសរងគ្រោះឈ្មោះ កែវ សូថា អាយុ៥១ឆ្នាំ ជាជំនួយការផ្ទាល់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ មានទីលំនៅផ្លូវលេខ៥៩៨ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ ហើយកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។មន្ត្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងដើរកាត់តាមស្ថានីយអ្នកដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រង់ចាំទទួលសាច់ញាតិរបស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ មកពីបរទេសស្រាប់តែត្រូវបានជនដៃដល់យកកាំបិតប៉័ងតោ មកកាប់ទៅលើក្បាលជនរងគ្រោះជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសហូរឈាមកក្លាក់ជោគខ្លួន និងសម្លៀកបំពាក់ ។ពេលនោះជនរងគ្រោះបានស្រែកឲ្យគេជួយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង  ហើយជននោះក៏ត្រូវបានកម្លាំងសន្តិសុខ ឃាត់ខ្លួនបានភ្លាមៗផងដែរ៕

 

 

Comments

comments