លោក សម តារា អតីតតារាសម្ដែងជើងចាស់តួឯកប្រុសក្នុងរឿង “បិសាចក្រមុំ” មកទល់បច្ចុប្បន្នលោកមានជាង៥០ឆ្នាំក្រោយបាត់មុខប្រមាណ២០ឆ្នាំពីវិស័យសិល្បៈភាពយន្ត។លោកមិនត្រឹមតែនៅរស់រាមមានជីវិតទេពេលនេះលោកថែមទាំងមានឋានន្តរសក្ដិផ្កាយ៣ ឬឧត្តមសេនីយឯកទៀតផង ដែលខុសស្រឡះពីព័ត៌មានលេចឮល្ហិចល្ហៀងខ្លះថាលោកបានស្លាប់ ខ្លះថា លោកបានចេញទៅរស់នៅបរទេស… ។
ព័ត៌មានពីតារាសម្ដែងជើងចាស់នេះ ត្រូវបានមនុស្សក្នុងសិល្បៈដូចគ្នាបានគាស់រំលើង។ អ្នកនាង ស៊ិន ឧត្តមផល្លា អតីតតារាចម្រៀងយ៉េយ៉េ ម្ចាស់ទំព័រមួយ ដែលមានឆន្ទៈគាត់រំលើងសិល្បករចាស់ឡើងវិញ ទុកជាការចងចាំ បានបញ្ចេញលើបណ្ដាញសង្គមនាយប់មិញនេះ។ តាមរយៈអតីតអ្នកចម្រៀងមេម៉ាយរូបនេះ បានឲ្យដឹងថា លោក សម តារា បានដកខ្លួនចេញពីសិល្បៈ ២៥ឆ្នាំមកហើយ ដោយសារតែការដកខ្លួនរយៈពេលយូរដូច្នេះ ធ្វើឲ្យទស្សនិកជនមួយចំនួនយល់ច្រឡំថាលោក បានស្លាប់។ ប៉ុន្តែការពិត លោកនៅរស់ ព្រមទាំងនៅក្នុងប្រទេសកម្ពុជាទៀតផង គឺមិនបានទៅនៅបរទេសឡើយដូចគេលើកឡើងឡើយ។
បច្ចុប្បន្នអតីតតារាសម្ដែងដ៏ល្បីល្បាញលោក សម តារា គឺជាឧត្តមសេនីយឯក ជាមន្ត្រីមានឥទ្ធិពលមួយរូបក្នុងជួររដ្ឋាភិបាល។ តាមរយៈរូបភាពប៉ុន្មានសន្លឹក អតីតតារាសម្ដែងរួមជំនាន់ជាមួយកំពូលតារាសម្ដែង អម្ពរ ទេវី រូបនេះបានប្រែប្រួលរូបរាងខុសពីមុនឆ្ងាយ ធ្វើឲ្យមនុស្សមិនច្រើនទេដែលមើលលោកស្គាល់ថា ជាអតីតតួប្រុសក្នុងរឿង “បិសាចក្រមុំ” ។ តារារូបនេះត្រូវបានគេមើលឃើញថា ជាតារាប្រុសដែលមានសំណាងបំផុត ដែលបានចារ្យក្នុងប្រវត្តិសាស្ត្រតារាខ្មែរដែលលោកមិនត្រឹមតែមានទ្រព្យសម្បត្តិស្តុកស្តុម មានបុណ្យសក្តិទេ លោកក៏មានគេ(ទស្សនិកជន)ជាច្រើនអាណិតស្រឡាញ់គាត់ក្នុងមានជាតារាក្នុងដួងចិត្តពួកគាត់ផងដែរ ។
នៅក្នុងpageរបស់អតីតអ្នកច្រៀងសិចស៊ីរូបនេះបានថ្លែងបន្តថាចុងក្រោយសូមទោសផងបង !ដែលប្អូនយករូបបងនិងក្រុមគ្រួសារបងយកមកចុះផ្សាយ ព្រោះភាពល្បីល្បាញរបស់បងនៅតែដក់ជាប់ក្នុងអារម្មណ៍ទស្សនិកជនមិនអាចបំភ្លេចបាន ហើយពួកយើងទាំងអស់គ្នានៅតែគាំទ្រ និងចង់ដឹងចង់ឃើញពីជីវិតបច្ចុប្បន្នរបស់បង , សូមជូនពរបងនិងក្រុមគ្រួសារបងជួបប្រទះតែនឹងសេចក្ដីសុខគ្រប់ពេលវេលា។ គួរបញ្ជាក់ថា អតីតតារាសម្ដែង សម តារា សព្វថ្ងៃមានមុខតំណែងជា អគ្គនាយក នៃនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ របស់ក្រសួងមហាផ្ទៃ ដែលមានឋានៈជាមន្ត្រីផ្កាយ៣៕ ដោយ ដាវ៉ុន