ជនជាតិព្នង គឺជាក្រុមកុលសម្ព័ន្ធខ្មែរដើមមួយប្រភេទ ដែល រស់នៅក្នុងតំបន់ភូមិភាគឦសានដូចជា៖ នៅខេត្តរតនគិរី មណ្ឌលគិរី និងក្រចេះ។ ជនជាតិនេះមានទំនៀមទម្លាប់ប្រពៃណីជា ច្រើន ដែលដូនតាបានបន្សល់ទុកកេរមរតកតាំងពីសម័យអតីតកាលរហូតដល់បច្ចុប្បន្នកាល ហើយនៅតែខិតខំគោរពប្រណិប័តន៍ តាមគន្លងជំនឿបុរាណដដែលដូចជា៖ “ការសម្រាលកូន”ជាដើម ។
១-ការសម្រាលកូនតាមលក្ខណៈបុរាណរបស់ជនជាតិព្នង:
នៅមុនពេលសម្រាលកូន ឬឆ្លងទន្លេរបស់ស្ត្រីជនជាតិ ព្នង បុរសជាប្ដីបានត្រៀមរៀបចំម្ហូបអាហារ នំចំណី ផ្លែឈើ និង សម្ភារៈប្រើប្រាស់ទុកជាស្រេច ។ ជាពិសេស គឺការសង់រោងតូច មួយសម្រាប់ទុកឲ្យប្រពន្ធ និងកូនរបស់ខ្លួនរស់នៅទីនោះមួយរយៈ ពេលខ្លី ។
កាលបើប្រពន្ធបានឆ្លងទន្លេហើយ បុរសជាប្ដីក៏នាំប្រពន្ធ កូនទៅសម្រាកនៅទីនោះ ។ នៅពីមុខរោងនេះ គេមានដោតដើម បបុសទុកជាសញ្ញាសម្រាប់សម្គាល់ ដើម្បីការពារប្រេត ព្រាយ បិសាច ឬពួកអារក្សព្រៃភ្នំ បង់បត់នានា កុំឲ្យចូលមកបៀតបៀន
ឬយាយីដល់រោងដែលមានស្ត្រីកូនខ្ចី ។ ការដោតបបុសនេះ គឺគ្មាន ឣ្វីក្រៅពីប្រាថ្នាបួងសួងសុំសេចក្ដីសុខកាយ សប្បាយចិត្តចំពោះ ប្រពន្ធកូនឡើយ ដើម្បីរស់នៅជួបជុំគ្នា ។
២-អំណោយជូនយាយឆ្មប :
ចំពោះអំណោយជូនយាយឆ្មប គឺគ្មានអ្វីក្រៅពីជូនទៅ តាមសទ្ធាទឹកចិត្ត និងកម្រិតជីវភាពទេ ។
-បើសិនជាគ្រួសារណា មានជីវភាពធូរធារ គេអាចជូន ជ្រូកមួយគូ ឬគោមួយគូ ឬក៏ក្របីមួយគូ ។
-បើសិនជាគ្រួសារណា មានជីវភាពក្រីក្រ គេអាចជូន មាន់មួយគូ មាន់ពណ៌សមួយ និងពណ៌ខ្មៅមួយ ។
-បើសិនជាគ្រួសារណា មានជីវភាពក្រីក្របំផុត មិន បាច់ជូនក៏បានដែរ ។
៣-ប្រពន្ធស្លាប់ ប្ដីចាប់ផ្ដើមចេញពីភូមិ
ប្រសិនជា ការឆ្លងទន្លេរបស់ស្ត្រីជនជាតិព្នងស្លាប់ ព្រាយក្រឡាភ្លើងពេលនោះពួកអ្នកភូមិ អ្នកស្រុក និងមេកន្ទ្រាញ ភូមិ ក៏នាំគ្នានិរទេសដេញបុរស ដែលត្រូវជាប្ដីនោះ ឲ្យចាកចេញពី ភូមិស្រុកខ្លួនចំនួន ៣ខែ ឬ១០០ថ្ងៃ ដោយឲ្យទៅរស់នៅក្នុងព្រៃ ស្មសាន ស្ងាត់ជ្រងំ កម្សត់តែម្នាក់ឯង ។ ពីព្រោះពួកអ្នកភូមិ អ្នកស្រុក និងមេកន្ទ្រាញភូមិ មានជំនឿថា៖ “បើបុរសណាមាន ប្រពន្ធស្លាប់ក្នុងពេលឆ្លងទន្លេ បុរសនោះ គឺជាមនុស្សចង្រៃបំផុត”។
លុះដល់ពេលវេលាផុតកំណត់ ៣ខែ ឬ១០០ថ្ងៃ ពេល នោះពួកអ្នកភូមិ អ្នកស្រុក និងមេកន្ទ្រាញភូមិ ក៏អនុញ្ញាតឲ្យបុរស កម្សត់ប្រពន្ធស្លាប់ចោលនោះ អាចវិលត្រឡប់មករកផ្ទះសម្បែង ខ្លួនវិញ ហើយរស់នៅតាមលក្ខណៈសាមញ្ញដូចមនុស្សដទៃទៀត ក្នុងភូមិដែរ ។
ហេតុនេះហើយ ទំនៀមទម្លាប់ប្រពៃណី ឆ្លងទន្លេរបស់ស្ត្រី ជនជាតិព្រៃភ្នំព្នង តាមលក្ខណៈបុរាណនៅក្នុងភូមិភាគឦសាន ប្រទេសកម្ពុជា គឺពុំសូវមានច្រើនឡើយ ។ ដោយសារគេយល់ថា បញ្ហានេះមានលក្ខណៈតឹងរឹង ហើយចាប់បង្ខំចិត្តប្ដីឲ្យចាកចេញពី ផ្ទះសម្បែង និងកូន ព្រមទាំងបន្ថែមទម្ងន់អម្រែកទុក្ខទឹកភ្នែក ព្រាត់ ប្រាស់ប្រពន្ធសំណព្វចិត្តទាំងអាឡោះអាល័យគ្មានថ្ងៃត្រឡប់មកជួប គ្នាវិញ ហើយរស់នៅតាមកម្មផលព្រហ្មលិខិត កម្រិតវាសនា មនុស្សលោក ។ដោយ លី គូលេនសមុទ្រ