រដ្ឋមន្ត្រីក្រសួងការងារ ព្រមានលុបចោល អង្គការ សមាគម និងសហជីពទាំងឡាយណា ដែលធ្វើសកម្មភាពខុសច្បាប់ នៅតាមបណ្តាលរោងចក្រ និងសហគ្រាស

158

លោកបណ្ឌិត អ៊ិត សំហេង បានព្រមានបែបនេះ ធ្វើឡើងនៅក្នុងពិធីផ្ទេរតំណែង ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា អាណត្តិទី៣ ឆ្នាំ២០១៨ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដោយមានការចូលរួមពីមេដឹកនាំសហព័ន្ធសហជីពជាង១០០អង្គភាព។

លោកររដ្ឋមន្ត្រីបានថ្លែងថា សម្រាប់ឆ្នាំ២០១៨នេះ ក្រសួងការងារ ​និងស្ថាប័នពាក់ព័ន្ធ នឹងខិតខំធ្វើយ៉ាងណាជំរុញឱ្យកម្មករ-កម្មការិនី ដែលកំពុងបំពេញការងារនៅតាមបណ្តារោងចក្រកាត់ដេរ និងស្បែកជើង ទទួលបាននូវអត្ថប្រយោជន៍កាន់តែប្រសើរឡើង។ ជាក់ស្តែង កម្មករ-កម្មការិនី ក្នុងខែមករា២០១៨នេះ នឹងទទួលបានប្រាក់ខែអប្បបរមា១៧០ដុល្លារក្នុងមួយខែ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា អាណត្តិទី៣ ឆ្នាំ២០១៨ បានសម្តែងនូវភាព រីករាយជាពន់ពេក និងមានមោទនភាពក្រៃលែង ដោយបានទទួលទួនាទី ជាប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ប្ដូរវេននៃអណត្តិទី៣នេះ។

លោក សំ សឿន ក៏បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះលោកបណ្ឌិត អ៊ិត សំហេង ជាពិសេសទៅទៀតនោះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្តេចតែងតែគិតគូរជួយដោះស្រាយការលំបាករបស់ កម្មករ-កម្មការិនី ទូទាំងប្រទេស និងជួយសម្រេចបាននូវប្រាក់ឈ្នួលអប្បបរមា១៧០ដុល្លារ ក្នុងមួយខែ និងការឈប់បង់ប្រាក់ថែទាំសុខភាព ប.ស.ស និងបញ្ចុះសេវាទឹកភ្លើង មកកម្រិតតម្លៃទាប មិនឱ្យមានការតម្លើងតម្លៃផ្ទះជួល។

លោក សំ សឿន បានបន្តថា ក្រៅពីនោះសម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភដល់កម្មការិនីដែលសម្រាលកូនម្នាក់ទទួលបាន៤០ម៉ឺនរៀល ការជិះរថយន្តក្រុង ដោយមិនបង់ប្រាក់ យ៉ាងតិច២ឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ លោកក៏សូមចូលរួមអបអរសាទរ និងអត្ថប្រយោជន៍យ៉ាងច្រើនរបស់កម្មករ-កម្មការិនី ក្នុងឆ្នាំ២០១៧-២០១៨ និងសូមគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជាជារៀងរហូត។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានបង្កើតឡើងនៅឆ្នាំ២០១២ ដោយមានការចូលរួមពីសហព័ន្ធសហជីពជាច្រើនដឹកនាំដោយលោក សោម អូន ។ ក្រោយមក សហជីពដ៏ធំនេះបានកែប្រែលក្ខន្តិកៈ ឱ្យមានការធ្វើប្រធានប្តូរវេន គឺអាណត្តិទី១ ដឹកនាំដោយលោកស្រី ទេព គឹមវណ្ណារី នៅឆ្នាំ២០១៦, អាណត្តិទី២ឆ្នាំ២០១៧ដឹកនាំដោយ លោក តុល ផាន់មឿង និងអាណត្តិទី៣ ឆ្នាំ២០១៨នេះ ដឹកនាំដោយលោក សំ សឿន។ បច្ចុប្បន្ននេះអង្គការកម្មករដ៏ធំនេះមាន១០២សហព័ន្ធសហជីព និងមានសមាជិកជាង៧០ម៊ឺននាក់៕

Comments

comments