អាជ្ញាធរជាតិអប្សរា សហការជាមួយឥណ្ឌាជួសជុលសាលរបាំនៃប្រាសាទតាព្រហ្ម

193

សាលរបាំនៃប្រាសាទតាព្រហ្មបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការបាក់ធ្លាក់នៃដុំថ្មគរលើគ្នាជាគំនរយ៉ាងធំ ពេលនេះកំពុងទទួលបានការជួសជុលឡើងវិញ ដោយអាជ្ញាធរជាតិអប្សរាសហការជាមួយភាគីឥណ្ឌា ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ខាងមុខ។«សាលរបាំនៃប្រាសាទតាព្រហ្មដែលទួលរងការខូចខាតរហូតក្លាយជាពំនូកថ្មមួយគំនរនោះ ឥលូវនេះត្រូវបានជួលជុលឡើងវិញសម្រេចបានពី ៧០% ទៅ៨០%ហើយ» នេះបើតាមសម្ដីរបស់ លោក ចាន់ ឡាយ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧។ លោកបន្ថែមទៀតថា «អ្នកជំនាញគ្រោងនឹងជួលជុលសាលរបាំនេះប្រមាណជាពាក់កណ្ដាលនៃសាលរបាំទាំងមូល ដើម្បីទុកមួយផ្នែកឱ្យសល់សម្រាប់ភ្ញៀវទេសចរធ្វើការប្រៀបធៀបរវាងផ្នែកដែលបានជួសជុលស្ដារឡើងវិញ និងផ្នែកដែលទុកឱ្យនៅតាមសភាពដើម»។តាមការរៀបរាប់របស់លោក ចាន់ ឡាយ ការងារជួសជុលមកទល់នឹងពេលនេះ គឺបានសម្រេចរួចរាល់ផ្នែកគ្រឹះ ជញ្ជាំង និងដំបូលមួយផ្នែកធំហើយនៅផ្នែកខាងជើង នៅសល់តែដំបូលផ្នែកកណ្តាល និងការសម្អាតបន្ថែមទៀតប៉ុណ្ណោះ។ ម្យ៉ាងទៀត ឥឡូវនេះ ក្រុមការងារបានឈប់សម្រាកមួយរយៈប្រមាណពីរ ឬបីខែ ដោយសាររដូវកាលនេះជារដូវភ្លៀងធ្លាក់ ហើយការងារដែលសេសសល់ជាផ្នែកដំបូល ដែលធ្វើឲ្យក្រុមការងារពិបាកឡើងចុះ ព្រោះរអិលអាចបណ្តាលឲ្យគ្រោះថ្នាក់បាន។ គួររម្លឹកថា ក្រោយការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០០២ រដ្ឋាភិបាលឥណ្ឌាតាមរយៈស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (Archeological Survey of India-ASI)  រួមសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការយូណេស្កូ បានចាប់ផ្តើមការអភិរក្សជួសជុល ទល់ទ្រជាបន្តបន្ទាប់នូវប្រាសាទតាព្រហ្ម។ ក្នុងដំណាក់កាលទី១(២០០៤-២០១៤) គម្រោងនេះសម្រេចបានការជួសជុលរួចរាល់ទាំងស្រុងនូវរោងទងខាងកើតឆៀងខាងត្បូង រានហាលខាងលិច ខ្លោងទ្វារច្រកចូលទី៤ ខ្លោងទ្វារខាងលិច និងជញ្ជាំងថ្មបាយក្រៀមអមសងខាង។ ក្រៅពីចំណុចជួសជុលទាំងនេះ នៅមានផ្នែកច្រើនទៀត ដែលក្រុមការងារបានធ្វើការទល់ទ្រ និងចងរឹតដោយខ្សែកាប ដើម្បីការពារការរបេះធ្លាក់ឬដួលរលំបន្ថែមទៀត។ សម្រាប់ជំហានទី២ (២០១៥-២០២៥) គម្រោងកំពុងដំណើរការជួសជុលផ្គុំឡើងវិញនូវសាលរបាំ ដែលរងខូចខាតស្ទើរទាំងស្រុង តាមរយៈការប្រមូលបំណែកថ្មធ្លាក់ខូចខាត មករៀបដំឡើងនៅតាមទីតាំងឲ្យដូចពីសម័យបុរាណឡើងវិញ៕

  

Comments

comments