ខេត្តព្រះសីហនុ ៖ បុរសជនជាតិរុស្ស៊ីម្នាក់ដែលគេសង្ស័យខូចប្រព័ន្ធប្រសាទព្រោះតែការផឹកស្រាច្រើនបានបោកដបស្រារបស់ខ្លួនអារដៃធ្វើទារុណកម្មខ្លួនឯងរហូតហូរឈាមខ្សោះពីខ្លួនស្លាប់នៅក្នុងផ្ទះ។ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងទៀបភ្លឺថ្ងៃម្សិលមិញនៅចំណុចផ្ទះជួលក្នុងបុរី BS ស្ថិតក្នុងក្រុមទី១៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។បើតាមសម្តីប្រពន្ធជនរងគ្រោះឈ្មោះ Bakhankova svetlana ជាជនជាតិរុស្ស៊ីដូចគ្នាបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ Pavlenok sergri ជាជនជាតិរុស្ស៊ីកើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៧១ កាន់លិខិតឆ្លងដែនលេខ 726057433 ។ប្រពន្ធជនរងគ្រោះបានឲ្យដឹងទៀតថានៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែសីហា ជនរងគ្រោះបានទិញស្រាវ៉ីស្គីចំនួន៣ដបយកមកផឹកបន្ថែមរហូតដល់ម៉ោង១១យប់ថ្ងៃដដែលហើយក៏បានរករឿងឈ្លោះជាមួយនឹងគាត់ជាប្រពន្ធហើយគាត់ក៏ខឹងចង់រត់ចេញពីផ្ទះឈប់នៅជាមួយ។ ពេលនោះស្រាប់តែជនរងគ្រោះយកដបស្រាបោកទៅនឹងជញ្ជាំងផ្ទះឲ្យបែករួចយកដកនោះអារដៃខ្លួនឯង។រហូតដល់ម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មាននេះក៏ចុះទៅបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យតែជនរងគ្រោះបានស្លាប់បាត់ទៅហើយដោយសារការហូរឈាមច្រើនពេក។មន្ត្រីជំនាញធ្វើកោសល្យវិច្ឆ័យនិងគ្រូពេទ្យបានពិនិត្យលើស្នាមមុខរបួសនិងដបដែលបែកហើយបានសន្និដ្ឋានថាករណីនេះជាករណីជនរងគ្រោះធ្វើទារុណកម្មខ្លួនបណ្តាលឲ្យស្លាប់ពិតប្រាកដមែន។សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចតម្កល់ទុកនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំការសម្រេចពីស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសកម្ពុជា ៕