(សាណាអា)៖ មនុស្សយ៉ាងហោចណាស់០៦នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចំរុះអារ៉ាប់ដឹកនាំដោយ អារ៉ាប៊ីសាឌីត ចំផ្សារពីរកន្លែងក្នុងប្រទេសយ៉េមែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមប្រភពពីមន្ទីពេទ្យនៅក្នុងតំបន់ ការវាយប្រហារលើកទីមួយគឺមានគោលដៅលើផ្សារ Khalakah ក្នុងស្រុក Nehm ស្ថិតនៅចំងាយ៣០គីឡូម៉ែត្រ ភាគឦសាន នៃរដ្ឋធានីសាណាអា ស្ថិតនៅក្រោមការគ្រប់គ្រប់របស់ក្រុមឧទ្ទាមហ៊ូទី។ ការវាយប្រហារនេះបានផ្ដាច់យកអាយុជីវិតមនុស្ស០៥នាក់ និង២០នាក់ទៀត រងរបួស។ ចំណែកឯ ការវាយប្រហារតាមផ្លូវអាកាសលើកទីគឺបានកើតឡើងនៅឯផ្សារមួយផ្សេងទៀត ស្ថិតនៅក្នុងស្រុក Zabid នៃភាគខាងត្បូងទីក្រុង Hodeidah ដោយបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង១៥នាក់រងរបួស។
គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសទាំងនេះ កើតឡើងតែ០៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ក្រុមឧទ្ទាមហ៊ូទី បានសម្លាប់អតីតប្រធានាធិបតីយ៉េមែន លោក Ali Abdullah Saleh ដែលបានបង្ហាញពីទំនោរចង់ផ្សះផ្សាជាមួយទីក្រុងរីយ៉ាដ៕